សប្ដាហ៍ទី ១១
ការប្រមូលទិន្នន័យបរិមាណ៖ ការជ្រើសរើសសំណាកគំរូ ភាពត្រឹមត្រូវ និងភាពជឿជាក់បាន
(Quantitative Data Collection: Sampling, Validity, and Reliability)
មេរៀនសង្ខេប
វត្ថុបំណង
នៅចុងបញ្ចប់នៃមេរៀននេះ គរុនិស្សិតនឹងអាច៖
· ពន្យល់ពីគោលគំនិតសំខាន់ៗ និងបច្ចេកទេសនៃការជ្រើសរើសសំណាកគំរូក្នុងការស្រាវជ្រាវ។
· វិភាគពីសារៈសំខាន់នៃភាពត្រឹមត្រូវ (Validity) និងភាពជឿជាក់បាន (Reliability) របស់ឧបករណ៍ស្រាវជ្រាវ។
· អនុវត្តចំណេះដឹងដើម្បីជ្រើសរើសវិធីសាស្រ្តសំណាក និងវាយតម្លៃគុណភាពឧបករណ៍ស្រាវជ្រាវក្នុងបរិបទអប់រំ។
សេចក្ដីផ្ដើម
នៅក្នុងការស្រាវជ្រាវអប់រំ ការប្រមូលទិន្នន័យគឺជាដំណាក់កាលដ៏សំខាន់មួយដែលកំណត់ពីគុណភាព និងភាពអាចទុកចិត្តបាននៃការរកឃើញ។ ដើម្បីឱ្យលទ្ធផលស្រាវជ្រាវអាចយកជាការបាន និងអាចធ្វើជាតំណាងឱ្យក្រុមគោលដៅទាំងមូលបាន អ្នកស្រាវជ្រាវចាំបាច់ត្រូវយល់ដឹងឱ្យបានច្បាស់លាស់អំពីគោលគំនិត និងបច្ចេកទេសនៃការជ្រើសរើសសំណាកគំរូ (Sampling) ព្រមទាំងធានាឱ្យបាននូវភាពត្រឹមត្រូវ (Validity) និងភាពជឿជាក់បាន (Reliability) នៃឧបករណ៍ដែលប្រើប្រាស់សម្រាប់ប្រមូលទិន្នន័យ។ មេរៀននេះនឹងបកស្រាយលម្អិតអំពីចំណុចសំខាន់ៗទាំងនេះ ដោយបន្ថែមនូវឧទាហរណ៍ក្នុងបរិបទអប់រំ ដើម្បី
ផ្តល់ឱ្យគរុនិស្សិតងាយយល់ និងអាចយកទៅអនុវត្តបាន។
១. មូលដ្ឋានគ្រឹះនៃការជ្រើសរើសសំណាក
ដើម្បីយល់ពីដំណើរការនៃការជ្រើសរើសអ្នកចូលរួមក្នុងការស្រាវជ្រាវ យើងត្រូវស្គាល់ពាក្យគន្លឹះមួយចំនួន៖
· ប្រជាករ (Population)៖ គឺជាក្រុមមនុស្ស វត្ថុ ឬព្រឹត្តិការណ៍ទាំងមូល ដែលអ្នកស្រាវជ្រាវមានចំណាប់អារម្មណ៍ចង់សិក្សា និងទាញសេចក្តីសន្និដ្ឋានទៅលើ។ ក្រុមនេះគឺជាក្រុមគោលដៅធំនៃការស្រាវជ្រាវ។
o ឧទាហរណ៍៖ ប្រសិនបើប្រធានបទស្រាវជ្រាវគឺ "ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនរបស់គ្រូមធ្យមសិក្សានៅខេត្តបាត់ដំបង" នោះប្រជាករគឺ គ្រូបង្រៀននៅតាមវិទ្យាល័យទាំងអស់នៅខេត្តបាត់ដំបង។
· សំណាក (Sample)៖ គឺជាក្រុមតូចមួយដែលត្រូវបានជ្រើសរើសចេញពីប្រជាករ។ សំណាកត្រូវតែមានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើជាតំណាងឱ្យប្រជាករទាំងមូល ដើម្បីឱ្យលទ្ធផលដែលរកឃើញពីការសិក្សាលើសំណាក អាចត្រូវបានអនុវត្តជាទូទៅទៅលើប្រជាករវិញបាន។
o ឧទាហរណ៍៖ អ្នកស្រាវជ្រាវអាចជ្រើសរើស គ្រូបង្រៀនចំនួន ២០០នាក់ ពីវិទ្យាល័យចំនួន ១០ ក្នុងខេត្តបាត់ដំបង មកធ្វើជាសំណាក។
· ការជ្រើសរើសសំណាក (Sampling)៖ គឺជាដំណើរការ ឬនីតិវិធីនៃការជ្រើសរើសយកសំណាកចេញពីប្រជាករ ដើម្បីចូលរួមក្នុងការស្រាវជ្រាវ។
២. ការកំណត់ទំហំសំណាក (Sample Size Determination)
សំណួរដែលតែងតែកើតមានគឺ "តើត្រូវជ្រើសរើសសំណាកប៉ុន្មានទើបគ្រប់គ្រាន់?" ទំហំសំណាកអាស្រ័យលើប្រភេទនៃការស្រាវជ្រាវ, ទំហំនៃប្រជាករ, និងកម្រិតនៃភាពត្រឹមត្រូវដែលត្រូវការ។
សម្រាប់ការស្រាវជ្រាវបែបបរិមាណ (Quantitative Research)៖ ទំហំសំណាកមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាថាវាអាចតំណាងឱ្យប្រជាករបាន និងអាចឱ្យការវិភាគតាមន័យបែបស្ថិតិ។
· គោលការណ៍ទូទៅ (Gay et al., 2011)៖
o ប្រជាករតូច (ក្រោម ១០០នាក់)៖ អ្នកស្រាវជ្រាវគួរតែព្យាយាមសិក្សាលើប្រជាករទាំងមូល។
o ប្រជាករប្រមាណ ៥០០នាក់៖ គួរជ្រើសរើសសំណាកប្រហែល ៥០% (២៥០នាក់)។
o ប្រជាករប្រមាណ ១៥០០នាក់៖ គួរជ្រើសរើសសំណាកប្រហែល ២០% (៣០០នាក់)។
o ប្រជាករចាប់ពី ៥០០០នាក់ឡើងទៅ៖ ជាទូទៅ ការជ្រើសរើសសំណាកប្រហែល ៤០០នាក់ គឺអាចគ្រប់គ្រាន់ហើយ។
o គោលការណ៍រួម៖ កាលណាប្រជាករមានទំហំកាន់តែធំ ភាគរយនៃសំណាកដែលត្រូវជ្រើសរើសនឹងកាន់តែតូច។
· វិធីសាស្ត្រច្បាស់លាស់៖ ការប្រើរូបមន្តគណនា (Taro Yamane) ឬកម្មវិធីគណនាតាមអនឡាញ (Online Sample Size Calculator) គឺជាវិធីល្អបំផុត។ កម្មវិធីទាំងនេះតម្រូវឱ្យអ្នកស្រាវជ្រាវកំណត់៖
o កម្រិតទំនុកចិត្ត (Confidence Level)៖ ជាធម្មតា ៩៥% (មានន័យថា ប្រសិនបើយើងធ្វើការស្រាវជ្រាវនេះឡើងវិញ ១០០ដង លទ្ធផលនឹងស្ថិតនៅក្នុងរង្វង់ដែលបានប៉ាន់ស្មាន ៩៥ដង)។
o កម្រិតនៃគម្លាតដែលអាចទទួលយកបាន (Margin of Error)៖ ជាធម្មតា ៥% (±5%) (ជាកម្រិតនៃភាពមិនប្រាកដប្រជាដែលយើងអាចទទួលយកបាន)។
សម្រាប់ការស្រាវជ្រាវបែបគុណវិស័យ (Qualitative Research)៖ ការស្រាវជ្រាវបែបគុណវិស័យមិនសូវផ្ដោតលើទំហំសំណាកធំនោះទេ ប៉ុន្តែផ្ដោតខ្លាំងលើការយល់ដឹងស៊ីជម្រៅអំពីបាតុភូតណាមួយ។ អ្នកស្រាវជ្រាវនឹងបន្តប្រមូលទិន្នន័យរហូតដល់ចំណុចមួយដែលគេហៅថា "ចំណុចឆ្អែតទិន្នន័យ (Data Saturation Point)" ដែលមានន័យថា គ្មានព័ត៌មានថ្មីៗ ឬទស្សនៈប្លែកថ្មីបន្ថែមទៀតត្រូវបានរកឃើញពីអ្នកចូលរួមឡើយ ទោះបីជាសម្ភាសន៍មនុស្សបន្ថែមទៀតក៏ដោយ។
៣. វិធីសាស្រ្តជ្រើសរើសសំណាក (Sampling Techniques)
វិធីសាស្រ្តជ្រើសរើសសំណាកចែកចេញជាពីរប្រភេទធំៗគឺ ការជ្រើសរើសដោយចៃដន្យ និងការជ្រើសរើសដោយអចៃដន្យ។
៣.១ ការជ្រើសរើសសំណាកដោយចៃដន្យ (Probability Sampling)
វិធីសាស្រ្តនេះធានាថាសមាជិកគ្រប់រូបនៅក្នុងប្រជាករមានឱកាសស្មើៗគ្នាក្នុងការត្រូវបានជ្រើសរើស។ វាជួយកាត់បន្ថយភាពលម្អៀង (Bias) និងធ្វើឱ្យសំណាកមានលក្ខណៈជាតំណាងខ្ពស់ ដែលអាចឱ្យលទ្ធផលស្រាវជ្រាវអនុវត្តជាទូទៅ (Generalize) ទៅលើប្រជាករបាន។
១. បែបសមញ្ញ (Simple Radom Sampling)
· របៀបធ្វើ៖ សមាជិកម្នាក់ៗត្រូវបានផ្តល់លេខរៀង រួចជ្រើសរើសដោយចៃដន្យសុទ្ធសាធ តាម
រយៈការចាប់ឆ្នោត ឬប្រើកម្មវិធីកុំព្យូទ័របង្កើតលេខចៃដន្យ (Random Number Generator)។
· ឧទាហរណ៍៖ អ្នកស្រាវជ្រាវចង់ជ្រើសរើសសិស្ស ៥០នាក់ ពីសាលាមួយដែលមានសិស្ស ៥០០នាក់។ គាត់ត្រូវយកបញ្ជីឈ្មោះសិស្សទាំងអស់ ហើយប្រើកម្មវិធី Excel ដើម្បីបង្កើតលេខ
ចៃដន្យចំនួន ៥០ ដើម្បីជ្រើសរើសសិស្សដែលត្រូវនឹងលេខរៀងនោះ។
· គុណសម្បត្តិ៖ ជាវិធីសាស្រ្តដែលគ្មានភាពលម្អៀង និងងាយស្រួលយល់បំផុត។
· គុណវិបត្តិ៖ អាចធ្វើទៅបានលុះត្រាតែមានបញ្ជីឈ្មោះប្រជាករទាំងអស់ (Sampling Frame) ហើយអាចនឹងមិនទទួលបានតំណាងល្អបំផុត ប្រសិនបើប្រជាករមានភាពចម្រុះច្រើន។
២. បែបប្រព័ន្ធ (Systematic Random Sampling)
· របៀបធ្វើ៖ ជ្រើសរើសចំណុចចាប់ផ្តើមមួយដោយចៃដន្យ រួចជ្រើសរើសសមាជិកបន្ទាប់ទៀតតាមចន្លោះកំណត់មួយ (Sampling Interval, k)។ (k = ទំហំប្រជាករ / ទំហំសំណាក)។
· ឧទាហរណ៍៖ ក្នុងបញ្ជីឈ្មោះសិស្ស ៥០០នាក់ បើចង់បានសំណាក ៥០នាក់ នោះចន្លោះគឺ
k=១០ (៥០០/៥០)។ អ្នកស្រាវជ្រាវជ្រើសរើសលេខមួយដោយចៃដន្យពី ១ ដល់ ១០ (ឧទាហរណ៍ លេខ ៧)។ សិស្សដែលត្រូវជ្រើសរើសគឺសិស្សទី ៧, ទី ១៧, ទី ២៧, ... រហូតដល់គ្រប់ ៥០នាក់។
· គុណសម្បត្តិ៖ ងាយស្រួលអនុវត្តជាងបែបសាមញ្ញ ជាពិសេសនៅពេលមានបញ្ជីឈ្មោះវែង។
· គុណវិបត្តិ៖ អាចមានភាពលម្អៀងកើតឡើង ប្រសិនបើក្នុងបញ្ជីឈ្មោះមានទម្រង់ដដែលៗដែលស្របគ្នាជាមួយនឹងចន្លោះដែលបានជ្រើសរើស (Periodicity)។
៣. បែបសមាមាត្រ (Stratified Random Sampling)
· របៀបធ្វើ៖ បែងចែកប្រជាករទៅជាក្រុមតូចៗដែលមិនត្រួតស៊ីគ្នា (Strata) ដោយផ្អែកលើលក្ខណៈរួមណាមួយ (ឧទាហរណ៍ ភេទ, កម្រិតថ្នាក់, ឯកទេស) រួចជ្រើសរើសសំណាកតាមបែបសាមញ្ញ ឬបែបប្រព័ន្ធពីក្រុមនីមួយៗតាមសមាមាត្រ។
· ឧទាហរណ៍៖ សាកលវិទ្យាល័យមួយមាននិស្សិត ១០០០នាក់ (៦០%ជានារី, ៤០%ជាបុរស)។ បើត្រូវការសំណាក ១០០នាក់ អ្នកស្រាវជ្រាវត្រូវជ្រើសរើសនារី ៦០នាក់ (៦០% នៃ ១០០) និងបុរស ៤០នាក់ (៤០% នៃ ១០០) ដោយចៃដន្យពីក្រុមភេទនីមួយៗ។
· គុណសម្បត្តិ៖ ធានាបានថាក្រុមរងផ្សេងៗនៅក្នុងប្រជាករមានតំណាងនៅក្នុងសំណាកសម
រម្យ។
· គុណវិបត្តិ៖ ត្រូវប្រើប្រាស់ទិន្នន័យលម្អិតអំពីប្រជាករដើម្បីបែងចែកក្រុម និងមានភាពស្មុគស្មាញជាងវិធីសាស្រ្តផ្សេងទៀត។
៤. បែបកម្រង (Cluster Sampling)
· របៀបធ្វើ៖ បែងចែកប្រជាករទៅជាកម្រង (Clusters) ដែលជាក្រុមដែលកើតឡើងដោយឯកឯងតាមធម្មជាតិ (ឧទាហរណ៍ ថ្នាក់រៀន, សាលារៀន, ភូមិ)។ បន្ទាប់មក ជ្រើសរើសកម្រងណាមួយដោយចៃដន្យ ហើយសិក្សាលើសមាជិកទាំងអស់នៅក្នុងកម្រងដែលបានជ្រើសរើសនោះ។
· ឧទាហរណ៍៖ ដើម្បីសិក្សាពីការពេញចិត្តរបស់គ្រូបឋមសិក្សានៅក្នុងខេត្តមួយ អ្នកស្រាវជ្រាវអាចជ្រើសរើសស្រុកចំនួន ៥ ដោយចៃដន្យ (កម្រង) រួចសម្ភាសន៍គ្រូបឋមសិក្សាទាំងអស់ក្នុងស្រុកទាំង ៥ នោះ។
· គុណសម្បត្តិ៖ មានប្រសិទ្ធភាពខ្ពស់នៅពេលប្រជាកររស់នៅក្នុងតំបន់ភូមិសាស្រ្តដ៏ធំទូលាយ និងគ្មានបញ្ជីប្រជាករទាំងអស់។
· គុណវិបត្តិ៖ មានហានិភ័យនៃការកើតឡើងកំហុសក្នុងការជ្រើសរើសសំណាក (Sampling Error) ច្រើនជាងវិធីសាស្រ្តផ្សេងទៀត ប្រសិនបើកម្រងដែលជ្រើសរើសមិនមានលក្ខណៈជាតំណាងពិតប្រាកដ។
៣.២ ការជ្រើសរើសសំណាកដោយអចៃដន្យ (Non-probability Sampling)
វិធីសាស្រ្តនេះមិនផ្ដល់ឱកាសស្មើគ្នាដល់សមាជិកគ្រប់រូបទេ ហើយការជ្រើសរើសគឺផ្អែកលើភាពងាយស្រួល ឬការវិនិច្ឆ័យរបស់អ្នកស្រាវជ្រាវ។ ជាទូទៅ លទ្ធផលដែលទទួលបានមិនអាចយកទៅអនុវត្តជាទូទៅចំពោះប្រជាករបានឡើយ ប៉ុន្តែវាមានប្រយោជន៍សម្រាប់ការស្រាវជ្រាវបែបស្ទាបស្ទង់បឋម (Exploratory Research) ឬការស្រាវជ្រាវបែបគុណវិស័យ។
១. បែបងាយ (Convenience Sampling)
· របៀបធ្វើ៖ ជ្រើសរើសអ្នកចូលរួមដែលងាយស្រួលក្នុងការទាក់ទង ឬស្ថិតនៅក្បែរអ្នកស្រាវជ្រាវ។
· ឧទាហរណ៍៖ គរុនិស្សិតម្នាក់ធ្វើកម្រងសំណួរអំពីទម្លាប់សិក្សា ដោយចែកជូនមិត្តរួមថ្នាក់របស់ខ្លួន ព្រោះមានភាពងាយស្រួល និងរក្សាទុកពេលវេលា។
· គុណសម្បត្តិ៖ លឿន ងាយស្រួល និងចំណាយតិច។
· គុណវិបត្តិ៖ មានភាពលម្អៀងខ្ពស់បំផុត និងមិនអាចតំណាងឱ្យប្រជាករបានល្អឡើយ។
២. បែបគោលបំណង (Purposive / Judgmental Sampling)
· របៀបធ្វើ៖ អ្នកស្រាវជ្រាវប្រើការវិនិច្ឆ័យ (Judgment) របស់ខ្លួន ដើម្បីជ្រើសរើសអ្នកចូលរួមដែលជឿថាមានព័ត៌មាន ឬបទពិសោធន៍ដែលសមស្របនឹងគោលបំណងស្រាវជ្រាវ។
· ឧទាហរណ៍៖ ដើម្បីសិក្សាអំពីយុទ្ធសាស្ត្រគ្រប់គ្រងថ្នាក់ដែលមានប្រសិទ្ធភាព អ្នកស្រាវជ្រាវសម្រេចចិត្តសម្ភាសន៍តែគ្រូដែលទទួលបានពានរង្វាន់ជាគ្រូបង្រៀនឆ្នើប៉ុណ្ណោះ។
· គុណសម្បត្តិ៖ អាចទទួលបានការយល់ដឹងពីអ្នកដែលមានចំណេះដឹងផ្ទាល់។
· គុណវិបត្តិ៖ មានភាពលម្អៀងពីការសម្រេចចិត្តរបស់មនុស្សក្នុងការស្រាវជ្រាវ។
៣. បែបកូតា (Quota Sampling)
· របៀបធ្វើ៖ កំណត់ចំនួនអ្នកចូលរួម (Quota) តាមលក្ខណៈជាក់លាក់ (ឧទាហរណ៍ ភេទ, អាយុ)។ បន្ទាប់មក ជ្រើសរើសអ្នកចូលរួមតាមបែបងាយ ឬបែបគោលបំណង រហូតដល់គ្រប់ចំនួនកូតាដែលបានកំណត់។
· ឧទាហរណ៍៖ អ្នកស្រាវជ្រាវត្រូវការសម្ភាសន៍គរុនិស្សិតឆ្នាំទី៣ ចំនួន ៥០នាក់ (ឯកទេស គណិតវិទ្យា ២៥នាក់, ឯកទេសខ្មែរ ២៥នាក់)។ គាត់នឹងទៅរកគរុនិស្សិតនៅតាមដេប៉ាតឺម៉ង់ ហើយជ្រើសរើសអ្នកណាដែលគាត់ជួប រហូតដល់គ្រប់កូតាសម្រាប់ឯកទេសនីមួយៗ។
· គុណសម្បត្តិ៖ ធានាបានថាមានអ្នកតំណាងមកពីក្រុមរងផ្សេងៗហើយវាលឿនជាងប្រភេទសមាមាត្រ។
· គុណវិបត្តិ៖ នៅតែមានភាពលម្អៀងក្នុងការជ្រើសរើសអ្នកចូលរួមក្នុងក្រុមនីមួយៗ។
៤. បែបប្រាប់តគ្នា (Snowball Sampling)
· របៀបធ្វើ៖ ចាប់ផ្តើមពីអ្នកចូលរួមមួយចំនួនតូច រួចសុំឱ្យពួកគេណែនាំអ្នកចូលរួមផ្សេងទៀតដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នា។
· ឧទាហរណ៍៖ ដើម្បីសិក្សាពីបទពិសោធន៍របស់សិស្សដែលមានបញ្ហាផ្នែកការអាន (Dyslexia) អ្នកស្រាវជ្រាវអាចកំពុងស្វែងរកអ្នកចូលរួមដំបូងម្នាក់ រួចសុំឱ្យសិស្សនោះណែនាំមិត្តភក្តិផ្សេងទៀតដែលមានបញ្ហាស្រដៀងគ្នា។
· គុណសម្បត្តិ៖ មានប្រយោជន៍សម្រាប់សិក្សាលើក្រុមប្រជាករដែលពិបាករក ឬពិបាកក្នុងការទាក់ទង។
· គុណវិបត្តិ៖ សំណាកអាចនឹងមិនមានភាពចម្រុះទេ ព្រោះអ្នកចូលរួមជារឿយៗសំដៅទៅលើមនុស្សតាមបណ្ដាញរបស់ខ្លួន។
៤. គុណភាពនៃឧបករណ៍ស្រាវជ្រាវ៖ ភាពត្រឹមត្រូវ និងភាពជឿជាក់បាន
បន្ទាប់ពីជ្រើសរើសសំណាកបានហើយ អ្នកស្រាវជ្រាវត្រូវធានាថាឧបករណ៍ប្រមូលទិន្នន័យ (កម្រងសំណួរ, តេស្ត) មានគុណភាពល្អ។
៤.១ ភាពជឿជាកបាន (Reliability) - តើលទ្ធផលមានភាពស្ថិតស្ថេរដែរឬទេ?
ភាពជឿជាក់បាន សំដៅដល់ភាពស្ថិតស្ថេរ (Consistency) នៃលទ្ធផល។ ប្រសិនបើឧបករណ៍មួយមានភាពជឿជាក់បានខ្ពស់ នៅពេលយកទៅប្រើម្តងទៀតលើក្រុមដដែលក្នុងស្ថានភាពដូចគ្នា លទ្ធផលដែលទទួលបាននឹងប្រហាក់ប្រហែលគ្នា។
· ប្រភេទនៃភាពជឿជាក់បាន៖
o បែបពេល (Test-Retest Reliability)៖ ធ្វើតេស្តតែមួយលើក្រុមដដែលពីរដងនៅពេលវេលាខុសគ្នា រួចប្រៀបធៀបលទ្ធផល។ អ្នកស្រាវជ្រាវត្រូវពិចារណាពីចន្លោះពេលមិនគួរខ្លីពេក (អ្នកចូលរួមអាចចងចាំចម្លើយ។) ឬវែងពេក (អ្នកចូលរួមអាចផ្លាស់ប្តូរបាន។)។
o បែបទំនាក់ទំនងផ្ទៃក្នុង (Internal Consistency Reliability)៖ វាយតម្លៃភាពស៊ីសង្វាក់គ្នារវាងសំណួរនីមួយៗនៅក្នុងឧបករណ៍តែមួយ។ វិធីសាស្រ្តដែលគេនិយមប្រើគឺ Cronbach’s Alpha។
§ បើតម្លៃ Alpha (α) ≥ 0.8៖ ភាពជឿជាក់បានខ្ពស់
§ តម្លៃ 0.60 ≤ α ≤ 0.79៖ ភាពជឿជាក់បានកម្រិតមធ្យម (អាចទទួលយកបាន)
§ បើតម្លៃ α < 0.60៖ ភាពជឿជាក់បានកម្រិតទាប (គួរតែកែសម្រួលឧបករណ៍)
o បែបកំណែ (Inter-Rater Reliability)៖ ប្រើនៅពេលមានអ្នកវាយតម្លៃច្រើននាក់។ វាសំដៅលើកម្រិតនៃភាពឯកភាពគ្នារវាងការវាយតម្លៃរបស់អ្នកវាយតម្លៃទាំងនោះ។
៤.២ ភាពត្រឹមត្រូវ (Validity) - តើឧបករណ៍វាស់នូវអ្វីដែលយើងចង់វាស់ដែរឬទេ?
ភាពត្រឹមត្រូវ សំដៅដល់កម្រិតដែលឧបករណ៍ស្រាវជ្រាវមួយអាចវាស់វែងនូវអ្វីដែលខ្លួនមានបំណងចង់វាស់បានយ៉ាងពិតប្រាកដ។
· ប្រភេទនៃភាពត្រឹមត្រូវ៖
o ពត្រឹមត្រូវតាមទម្រង់ (Face Validity)៖ សំដៅលើការមើលឃើញពីខាងក្រៅ ថាតើឧបករណ៍នោះហាក់ដូចជាសមហេតុផលដែរឬទេ។ វាយតម្លៃដោយអ្នកជំនាញ ឬក្រុម
សាកល្បង។
o ភាពត្រឹមត្រូវតាមខ្លឹមសារ (Content Validity)៖ ធានាថាខ្លឹមសារនៃសំណួរគ្របដណ្តប់គ្រប់ជ្រុងជ្រោយនៃគោលគំនិតដែលចង់វាស់។
§ របៀបធ្វើ៖ បង្កើតតារាងវិភាគខ្លឹមសារ (Table of Specifications) និងផ្ដល់ឱ្យអ្នកជំនាញពិនិត្យ។
o ភាពត្រឹមត្រូវតាមបញ្ញត្តិ (Construct Validity)៖ ពិនិត្យមើលថាតើឧបករណ៍នោះអាចវាស់វែងបានត្រឹមត្រូវតាមទ្រឹស្តី ឬបញ្ញត្តិអរូបី (ឧ. ការជំរុញទឹកចិត្ត, ការគិតស្ថាបនា) ដែរឬទេ។
o ភាពត្រឹមត្រូវតាមស្តង់ដា (Criterion-related Validity)៖ ប្រៀបធៀបលទ្ធផលពីឧបករណ៍ថ្មី ជាមួយនឹងលទ្ធផលពីឧបករណ៍ផ្សេងទៀតដែលបានទទួលស្គាល់រួចហើយ (ស្តង់ដា)។
៤.៣ ទំនាក់ទំនងរវាង Validity និង Reliability
· ឧបករណ៍ស្រាវជ្រាវមួយ អាចមានភាពជឿជាក់បាន ប៉ុន្តែគ្មានភាពត្រឹមត្រូវ (ឧទាហរណ៍ ជញ្ជីងមួយដែលតែងតែបង្ហាញទម្ងន់លើសការពិត ៥គីឡូក្រាមជានិច្ច - លទ្ធផលមានភាពស្ថិតស្ថេរ ប៉ុន្តែមិនត្រឹមត្រូវ)។
· ប៉ុន្តែឧបករណ៍ស្រាវជ្រាវមួយ មិនអាចមានភាពត្រឹមត្រូវទេ ប្រសិនបើវាមិនមានភាពជឿជាក់បាន (ឧទាហរណ៍ ជញ្ជីងបានបង្ហាញទម្ងន់ខុសគ្នារាល់ពេលដែលយើងថ្លឹងទម្ងន់ - លទ្ធផលមិនស្ថិតស្ថេរ ដូច្នេះក៏មិនអាចមានភាពត្រឹមត្រូវដែរ)។
៥. សេចក្ដីសន្និដ្ឋាន
ការជ្រើសរើសសំណាកគំរូ ភាពត្រឹមត្រូវ និងភាពជឿជាក់បាន គឺជាសសរស្តម្ភបីយ៉ាងដែលមិនអាចខ្វះបានក្នុងការស្រាវជ្រាវបែបបរិមាណដែលមានគុណភាព។ ការជ្រើសរើសវិធីសាស្រ្តសំណាកដែលសមស្រប នឹងធានាថាការរកឃើញអាចធ្វើជាតំណាងឱ្យប្រជាករទាំងមូលបាន។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឧបករណ៍ដែលមានភាពត្រឹមត្រូវ និងភាពជឿជាក់បានខ្ពស់ នឹងធានាថាទិន្នន័យដែលប្រមូលបានមានគុណភាព និងអាចទុកចិត្តបាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតសេចក្តីសន្និដ្ឋានស្រាវជ្រាវដែលមានតម្លៃ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ។
លំហាត់អនុវត្ត៖
គោលបំណង៖ ដើម្បីអនុវត្តគោលគំនិតនៃការជ្រើសរើសសំណាកទៅលើករណីសិក្សាជាក់ស្តែង។
ការណែនាំ៖
· បែងចែកគរុនិស្សិតជាក្រុមតូចៗ (៤-៥ នាក់)។
· ក្រុមនីមួយៗជ្រើសរើសករណីសិក្សាមួយក្នុងចំណោមករណីសិក្សាខាងក្រោម។
· ក្នុងក្រុមនីមួយៗត្រូវពិភាក្សានិងឆ្លើយសំណួរខាងក្រោម៖
o តើអ្វីទៅជា ប្រជាករ (Population) គោលដៅសម្រាប់ការស្រាវជ្រាវនេះ?
o តើទំហំសំណាកប្រហាក់ប្រហែលប៉ុន្មានដែលក្រុមរបស់អ្នកយល់ថាសមស្រប? សូមបញ្ជាក់មូលហេតុ។
o តើ វិធីសាស្រ្តជ្រើសរើសសំណាក មួយណា (ឧ. បែបសមាមាត្រ, បែបគោលបំណង, បែបងាយ...) ដែលសមស្របបំផុត? ហេតុអ្វី?
o តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិនៃវិធីសាស្រ្តដែលអ្នកបានជ្រើសរើស?
· បន្ទាប់ពីការពិភាក្សារយៈពេល ២០ នាទី តំណាងក្រុមនីមួយៗនឹងធ្វើបទបង្ហាញសង្ខេបពីលទ្ធផលរបស់ខ្លួន។
ឯកសារយោង
Creswell, J. W., & Creswell, J. D. (2018). Research design: Qualitative, quantitative, and mixed methods approaches (5th ed.). Sage publications.
Gay, L. R., Mills, G. E., & Airasian, P. W. (2011). Educational research: Competencies for analysis and applications (10th ed.). Pearson.