មេរៀនទី៩៖ ការរៀបចំការស្រាវជ្រាវ
Lesson 9: Research Design
លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង
- ពន្យល់និយមន័យ និងមុខងារនៃការរៀបចំការស្រាវជ្រាវទាំងការស្រាវជ្រាវទូទៅ និងស្រាវជ្រាវប្រតិបត្ដិ
ការរៀបចំការស្រាវជ្រាវគឺជាផែនការលម្អិតដែល នឹងត្រូវប្រើដើម្បីតម្រង់ទិសការសិក្សាស្រាវជ្រាវឆ្ពោះទៅរកគោលដៅដែលអ្នកស្រាវជ្រាវត្រូវការ (Aaker et al., 2019)។ ការរៀបចំការស្រាវជ្រាវ ជាគម្រោង ជាផែនការ ជារចនាសម្ព័ន្ធ ជាយុទ្ធសាស្ដ្រនៃការសង្កេតដើម្បី ឆ្លើយនឹងសំណួរស្រាវជ្រាវ ឬបញ្ហាស្រាវជ្រាវ (Kumar, 2011) ។ ការរៀបចំការស្រាវជ្រាវ នឹងធ្វើឡើងដោយកំណត់ពីភាពច្បាស់លាស់ ពីប្រភេទនៃការស្រាវជ្រាវ ថាតើអ្នកសិក្សាស្រាវជ្រាវ នឹងជ្រើសរើសការស្រាវជ្រាវមួយណា រវាងការស្រាវជ្រាវបែបគុណវិស័យ និងបរិមាណវិស័យ។
v សំណួរសំខាន់ៗ នៃនីតិវិធី នៃការស្រាវជ្រាវ
- តើអ្វីដែលអ្នកនឹងត្រូវសិក្សាស្រាវជ្រាវ?
- ហេតុអ្វីបានត្រូវសិក្សាវា?
- តើមានទិន្នន័យប្រភេទអ្វីខ្លះដែលត្រូវការ?
- តើកន្លែងណាដែលមានទិន្នន័យដែលត្រូវការ?
- តើការសិក្សាត្រូវការពេលវេលាប៉ុន្មាន?
- តើអ្វីដែលនឹងក្លាយជាសំណាកគំរូ?
- តើបច្ចេកទេសប្រមូលទិន្នន័យអ្វីខ្លះដែលត្រូវប្រើ?
- តើទិន្នន័យនឹងត្រូវវិភាគយ៉ាងដូចម្ដេច?
ការប្រៀបធៀបវិធីសាស្ត្រស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យអាចត្រូវបានពិនិត្យតាមជំហាន នីមួយៗ ដូចខាងក្រោមនេះ៖

ក្រាម១.១ លំហូរនៃដំណើរការស្រាវជ្រាវ បែបបរិមាណវិស័យ និងគុណវិស័យ (Creswell, 2012)
v លក្ខណៈនៃការស្រាវជ្រាវបែបបរិមាណវិស័យ
- ពណ៌នាអំពីបញ្ហាស្រាវជ្រាវ ដោយរៀបរាប់អំពីនិន្នាការ ឬតម្រូវការនៃការពន្យល់អំពីទំនាក់ទំនងរវាងអថេរ។
- រៀបរាប់អំពីគោលបំណងស្រាវជ្រាវ សំណួរស្រាវជ្រាវ និងសម្មតិកម្មប្រកបដោយភាពជាក់លាក់និង ច្បាស់លាស់ ហើយដែលអាចវាស់វែងនិងសង្កេតបាន។
- បង្កើតកម្រងសំណួរដើម្បីប្រមូលទិន្នន័យ។
- ប្រមូលទិន្នន័យជាលេខពីមនុស្សមួយចំនួនធំដោយប្រើឧបករណ៍និងកម្រងសំណួរដែលបានរៀបចំត្រៀម ទុកជាស្រេច។
- វិភាគទិន្នន័យដើម្បីប្រៀបធៀបក្រុម ឬពិនិត្យទំនាក់ទំនងអថេរដោយប្រើវិធីសាស្ត្រស្ថិតិដើម្បីបកស្រាយ លទ្ធផល ហើយអាចប្រៀបធៀបលទ្ធផលទាំងនេះទៅនឹងការព្យាករណ៍ ឬការស្រាវជ្រាវមុនៗ។ និង
- សរសេររបាយការណ៍ស្រាវជ្រាវដោយប្រើឃ្លោងឃ្លាឱ្យបានត្រឹមត្រូវច្បាស់លាស់ឱ្យស្របតាមគោលបំណង នៃការស្រាវជ្រាវព្រមទាំងមានតម្លៃនៃស្នាដៃស្រាវជ្រាវ និងប្រកបដោយក្រមសីលធម៌ត្រឹមត្រូវនៃវិជ្ជាជីវៈរបស់អ្នក សិក្សាស្រាវជ្រាវ។
o ការស្រាវជ្រាវបែបបែបពិសោធន៍ (Experimental) ឧ. ក្រុមសិស្សដែលគ្រូបង្រៀនបានប្រើវិធីសាស្ដ្រIBL និងក្រុមសិស្សដែលគ្រូបង្រៀនប្រើវិធីសាស្ដ្រប្រពៃណី
o ការស្រាវជ្រាវបែបទំនាក់ទំនង (Correlational) ឧ. ទំនាក់ទំនងរវាងសិស្សពូកែមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យា
o ការស្រាវជ្រាវបែបពិពណ៌នា (Descriptive) ឧ. ស្ថានភាពសិក្សារបស់គរុនិស្សិត
v លក្ខណៈនៃការស្រាវជ្រាវបែបគុណវិស័យ
- ស្វែងយល់ពីបញ្ហានិងអភិវឌ្ឍការយល់ដឹងលម្អិតអំពីបាតុភូត និងរបកគំហើញថ្មីៗ។
- ពិនិត្យឡើងវិញនូវទ្រឹស្តីនានាដែលពាក់ព័ន្ធនឹងប្រធានបទស្រាវជ្រាវ ឬបញ្ហាដែលត្រូវដោះស្រាយ ទោះជា មិនសូវមានសារសំខាន់ក៏ដោយ។
- បញ្ជាក់គោលបំណងនិងសំណួរស្រាវជ្រាវជាទូទៅនិងទូលំទូលាយដែលទាក់ទងនឹងបទពិសោធន៍របស់ អ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវ។
- ប្រមូលទិន្នន័យដោយផ្អែកលើពាក្យចេញពីមាត់បុគ្គលមួយចំនួនតូចដើម្បីធ្វើការសិទ្ធិដ្ឋានរួមនូវទស្សនៈ របស់អ្នកចូលរួមសិក្សាស្រាវជ្រាវ។
- វិភាគទិន្នន័យបែបពិពណ៌នាដោយប្រើអត្ថបទវិភាគ និងបកស្រាយអត្ថន័យឱ្យបានសព្វជ្រុងជ្រោយ និង ស៊ីជម្រៅបំផុត។ និង
- សរសេររបាយការណ៍ដោយប្រើឃ្លោងឃ្លាឱ្យបានត្រឹមត្រូវច្បាស់លាស់ដែលអាចជឿទុកចិត្តបាន ដែល រំលេចនូវវិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកស្រាវជ្រាវ។
o ការស្រាវជ្រាវបែបករណីសិក្សា (Case study) ឧ. ករណីសិក្សា វិទ្យាល័យពេជ្រចិន្ដា
o ការស្រាវជ្រាវបែបជាតិពន្ធុសាស្ដ្រ (Ethnography) ឧ. ជីវិតរស់នៅរបស់កម្មកររោងចក្រកាត់ដេរ
o ការស្រាវជ្រាវបែបបាតុភូត (Phenomenology) ឧ. បទពិសោធន៍គ្រប់គ្រងរបស់នាយកសាលាវិទ្យាល័យ
v ការរៀបចំការស្រាវជ្រាវ
|
ប្រភេទ |
បែបបរិមាណវិស័យ |
បែបគុណវិស័យ |
|
លក្ខណៈពិសេស |
ពណ៌នាពីប្រេកង់ មធ្យមនិងទំនាក់ទំនង តេស្ដសម្មតិកម្ម |
ស្វែងយល់ពីបទពិសោធន៍ ជំនឿ និងគោលគំនិត |
|
ប្រភេទការស្រាវជ្រាវ |
ពិសោធន៍ Experimental ទំនាក់ទំនងCorrelational ពណ៌នា Descriptive |
ករណីសិក្សា Case study ជាតិពន្ធុសាស្ដ្រ Ethnography បាតុភូត Phenomenology |
|
សំណាក |
សំណាកគំរូ (Sampling) |
សកលគំរូ (Key Informants) |
|
ឧបករណ៍ស្រាវជ្រាវ |
កម្រងសំណួរ, ទម្រង់អង្កេត, វិញ្ញាសាប្រឡង |
សំណួរសម្ភាស, ទម្រង់អង្កេត |
|
ការប្រមូលទិន្នន័យ |
ស្ទង់មតិ, ការបំពេញទម្រងសំណួរ, ប្រឡង... |
សម្ភាសន៍, ពិភាក្សាក្រុម... |
|
ការវិភាគទិន្នន័យ |
Ms. Excel, SPSS… |
ការវិភាគខ្លឹមសារ |
|
លទ្ធផល |
លទ្ធផលបែបស្ថិតិសន្និដ្ឋាន (Inferential Statistics) លទ្ធផលបែបស្ថិតិពណ៌នា (Descriptive Statistics) |
លទ្ធផលបែប ខ្លឹមសារ |
v គំរូទម្រង់ ការរៀបចំការស្រាវជ្រាវ

v ក្រមសីលធម៌ នៃការស្រាវជ្រាវអប់រំ
- ការយល់ព្រមដែលបានជូនដំណឹង
- ការលួចចម្លងស្នាដៃ
- ការបង្កើតទិន្នន័យ/ការបង្ហាញមិនពិត
- សម្ពាធលើការស្រាវជ្រាវ
- ការទទួលខុសត្រូវចំពោះសហគមន៍ស្រាវជ្រាវ
- មិនបង្កហានិភ័យដល់សំណាក
- រក្សាការសម្ងាត់
- សោះត្រង់ចំពោះទិន្នន័យ
- បង្ហាញប្រភពឯកសារយោង ... (Cohen et al., 2007)។