មេរៀនទី៣៖ ការណែនាំការស្រាវជ្រាវអប់រំ ៣
Lesson 3: Introduction to educational research 3
លទ្ធផលរំពឹងទុក មេរៀននេះ៖ បន្ទាប់ពីរៀនមេរៀននេះ គរុនិស្សិតនឹង
- ពន្យល់ពីជំហានជាមូលដ្ឋានដើម្បីធ្វើការស្រាវជ្រាវអប់រំ
- ពន្យល់អំពីក្របខណ្ឌនៃសំណើស្រាវជ្រាវ។
១. ជំហានមូលដ្ឋាន នៃការស្រាវជ្រាវអប់រំ Basic steps for educational research
ដើម្បីឱ្យការស្រាវជ្រាវមួយដំណើការទៅបានរលូនល្អ អ្នកស្រាវជ្រាវចាំបាច់អនុវត្តតាមជំហានសំខាន់ៗ មួយចំនួន។ ជំហានជាក់លាក់ក្នុងការស្រាវជ្រាវអាចប្រែប្រួលខុសៗ ពីគ្នា តែជាទូទៅអាចមានពី ៤ ដល់ ៨ជំហាន។ជំហានទាំងនោះ រមែងចាប់ផ្តើមចេញពីការកំណត់នូវបញ្ហា ការប្រមូលទិន្នន័យ ឆ្លងដល់ការបកស្រាយលទ្ធផល និងបញ្ចប់ដោយការសន្និដ្ឋានរួម។ ក៏ប៉ុន្តែ ការស្រាវជ្រាវពុំមែនបញ្ចប់ត្រឹមនេះទេ គេតែងងតែត្រូវសរសេររបាយការណ៍ផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវ ហើយរង់ចាំទទួលមតិរិះគន់ស្ថាបនាបន្ថែមទៀត។
មេរៀននេះ ផ្តោតសំខាន់ត្រង់ជំហានទី៨ ដែលជាដំណាក់កាលចុងបញ្ចប់នៃការស្រាវជ្រាវមួយ។ ក្នុងដំណាក់កាលនេះ អ្នកស្រាវជ្រាវត្រូវសរសេររបាយការណ៍លទ្ធផល ដោយប្រែក្លាយរបកគំហើញក្នុងការសិក្សាឱ្យទៅជាទ្រឹស្ដីនិងចំណេះដឹងបែបវិទ្យាសាស្ត្រពិតប្រាកដតាមរយៈសំណេរ។ នៅក្រោយពេលសរសេរនិងត្រួតពិនិត្យរួចហើយ គប្បីយកសំណេរនោះទៅផ្សព្វផ្សាយ ដើម្បីទទួលបានមតិរិះគន់កែលម្អឱ្យបានសុក្រឹតឡើង។ ការផ្សព្វផ្សាយ ក៏នឹងជួយផ្ដល់ជាប្រយោជន៍ដល់វិស័យដែលគេសិក្សានោះផង ដល់សាធារណជនផង។
ការស្រាវជ្រាវប្រតិបត្ដិ (Action Research)៖ គឺជាដំណើររួមសម្រាប់អ្នកសិក្សាបញ្ចប់ការសិក្សាផ្នែកអប់រំនិងវិទ្យាសាស្ត្រផ្សេងទៀត។ ការស្រាវជ្រាវប្រតិបត្ដិ ផ្តោតលើទស្សនៈអ្នកអនុវត្តដ៏សំខាន់ដោយធ្លុះបញ្ចាំងទៅក្នុងការចូលរួមនិងការជំរុញឱ្យមានការវាយតម្លៃ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាចាំបាច់ក្នុងការអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមអ្វីមួយចំពោះបុគ្គល ស្ថាប័ន ឬសហគមន៍ណាមួយ។ គ្រូបង្រៀនធ្វើការស្រាវជ្រាវ ដើម្បីទទួលបានការយល់ដឹងឱ្យបានច្បាស់លាស់អំពីស្ថានភាពពិតនៃស្ថានការអ្វីមួយ មុននឹងធ្វើការសម្រេចចិត្ត។ ការស្រាវជ្រាវសកម្មភាពត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនិងជាក់ស្តែងដែលបាននឹងកំពុងកើតមានឡើង។ បន្ទាប់មក អ្នកស្រាវជ្រាវនឹងធ្វើការស៊ើបអង្កេតពីផលជះនៃដំណោះស្រាយដែលបានអនុវត្តកន្លមកនោះ (Cooper & Schindler, 2014)។
ក្នុងការស្រាវជ្រាវប្រតិបត្ដិ សម្រាប់គ្រូបង្រៀន ការស្រាវជ្រាវគឺនឹងឆ្លើយតបនឹងការដោះស្រាយបង្ហាញរបស់គ្រូបង្រៀន លើវិធីសាស្ដ្របង្រៀន វិធីរៀនរបស់សិស្ស ការវាយតម្លៃលទ្ធផលសិក្សា ការគ្រប់គ្រងថ្នាក់រៀន ការរៀនសកម្មររបស់សិស្ស ការរៀបចំសិក្សាស្រាវជ្រាវមេរៀន ។ល។

២. ក្របខណ្ឌ នៃសំណើរស្រាវជ្រាវ Framework of a research proposal
ការរៀបចំក្របខណ្ឌនៃសំណើរស្រាវជ្រាវ មានលក្ខណៈពិសេសផ្សេងៗគ្នា ពីក្របខណ្ឌនៃការស្រាវជ្រាវ ដែលបានរៀបចំឡើង ដោយសាលា សកលវិទ្យាល័យ ឬវិទ្យាស្ថាននីមួយៗ ដែលមានចរិកលក្ខណៈទៅតាមប្រភេទនៃក្របខណ្ឌបណ្ដុះបណ្ដាល ឬកម្មវិធីសិក្សា។ នៅបរិបទ វិទ្យាស្ថានគរុកោសល្យ ដែលបានផ្ដោតសំខាន់ការអប់រំគ្រូបង្រៀន កម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ បានរៀបំក្របខណ្ឌ ដែលរួមមាន ជំពូក១ សេចក្ដីផ្ដើម ជំពូក២ រំឭកទ្រឹស្ដី និងជំពូក៣ វិធីសាស្ដ្រស្រាវជ្រាវ និងឯកសារយោង និងឧបសម្ព័ន្ធ ។ល។
២.១ ជំពូក១ សេចក្ដីផ្ដើម
(១) សាវតា៖ ប្រវត្តិ ស្ថានភាពទូទៅ ស្ថិតិ គោលនយោបាយ...
(២)បញ្ហាស្រាវជ្រាវ៖ បញ្ហា/គម្លាត/កង្វះខាតចំណេះដឹងទ្រឹស្ដី វិធីសាស្ដ្រស្រាវជ្រាវ...ដែលនាំឱ្យមានតម្រូវការក្នុងការស្រាវជ្រាវ។
(៣) សំណួរស្រាវជ្រាវ៖ ល្បះសំណួរអំពីអ្វីដែលអ្នកឆ្ងល់ ហើយចង់ដឹងចម្លើយចំពោះប្រធានបទស្រាវជ្រាវរបស់អ្នក។
(៤) គោលបំណងស្រាវជ្រាវ៖ ល្បះបញ្ជាក់អំពីអ្វីដែលអ្នកនឹងសម្រេចបាន (ប្រើកិរិយាសព្ទសកម្មដូចជា ស្វែងយល់ ពន្យល់...)
ប្រធានបទស្រាវជ្រាវ គឺជាគន្លឹះមួយសំខាន់បំផុតសម្រាប់ការស្រាវជ្រាវមួយ។ វាជាអ្វីដែលត្រូវរុករក ឬដោះ ស្រាយដោយការសិក្សាស្រាវជ្រាវនោះ។ ជាទូទៅ ប្រធានបទស្រាវជ្រាវ គេអាចជ្រើសរើសចេញពីកិច្ចការប្រចាំថ្ងៃ ពីបទពិសោធផ្ទាល់ខ្លួន ពីមុខវិជ្ជាដែលបានសិក្សា និងពីការចាប់អារម្មណ៍ផ្ទាល់របស់អ្នកស្រាវជ្រាវ។ នេះមានន័យថា ប្រធានបទ គេអាចទាញចេញពីបញ្ហាប្រតិបត្តិនៃពិភពពិតជាក់ស្តែង និងពីបញ្ហាទ្រឹស្តីដែលមានក្នុងការសិក្សានានា។
សាវតានៃការសិក្សា បង្កើតបានជាផ្នែកដំបូងនៃអត្ថបទស្រាវជ្រាវ ឬនិក្ខេបបទេ និងបង្ហាញពីភាពត្រឹមត្រូវ នៃតម្រូវការសម្រាប់សិក្សា និងសង្ខេបពីអ្វី ដែលការសិក្សាមានគោលបំណងដើម្បីសម្រេចបាន។ សាវតា បង្កើតបានជាលំនាំ ឬដើមហេតុនាំឱ្យលេចឡើង នៃបញ្ហាស្រាវជ្រាវ ក្នុងប្រធានបទស្រាវជ្រាវ។ ឧទាហរណ៍ បើប្រធានបទ និយាយពី “ការបណ្ដុះបណ្ដាល” អ្នកប្រហែលជាត្រូវចាប់ផ្ដើមនិយាយ រៀបរាប់ពី “ការអប់រំ” ជាមុនសិន ព្រោះ “ការបណ្ដុះបណ្ដាល” ជាផ្នែកមួយនៃ “ការអប់រំ” ហើយ “ការអប់រំ” ជាបញ្ហាទូទៅនៃ “ការបណ្ដុះបណ្ដាល”។
គេត្រូវកំណត់បញ្ហាស្រាវជ្រាវសិន មុននឹងកំណត់ប្រធានបទសិក្សា។ បញ្ហាស្រាវជ្រាវ ឬ ចំណោទបញ្ហាស្រាវជ្រាវ គឺជាជំហានដំបូង និងសំខាន់ជាងគេក្នុងលំនាំនៃការស្រាវជ្រាវមួយ។ វាគឺជាការវែកញែកទូទៅ អំពីបញ្ហាឬកង្វល់ ដែលត្រូវដោះស្រាយក្នុងការស្រាវជ្រាវ ហើយដែលគេប្រើ ដើម្បីសម្រួចឱ្យទៅជាប្រធានបទមួយបាន។ នៅពេលកំណត់បញ្ហាស្រាវជ្រាវ គេត្រូវស្វែងយល់ពីគំនិតណាមួយជាបញ្ហា ដែលអាចស្រាវជ្រាវបាន (នេត, ២០១៧: ៣៧)។
ដើម្បីស្វែងរកបញ្ហានោះបាន គេតែងតែស្វែងរកព័ត៌មានអំពីប្រធានបទសិក្សាឱ្យបានច្រើនសិន ជាពិសេស គឺការសិក្សាស្រាវជ្រាវកន្លងមកទាក់ទងនឹងបញ្ហានោះ។ ក្រោយពេលអានឯកសារពាក់ព័ន្ធរួចហើយ គេត្រូវសង្កេត មើលថា ការសិក្សាកន្លងមកនោះសិក្សាលើជ្រុងណាមួយ ដោយវិធីសាស្រ្តណា បានលទ្ធផលបែបណា មានចន្លោះ ខ្វះខាតអ្វីខ្លះ។ ចំណុចខ្វះខាតនោះហើយ ដែលអាចឱ្យគេបង្កើតជាបញ្ហាស្រាវជ្រាវបាន។
សំណួរស្រាវជ្រាវ គឺជាសំណួរមួយឬច្រើន ដែលគេលើកឡើង ដើម្បីនឹងឆ្លើយតបឬដោះស្រាយនៅក្នុង ការស្រាវជ្រាវ។ មែនទែនទៅ វាគឺជាការសម្រួចគោលបំណងស្រាវជ្រាវឱ្យទៅជាសំណួរជាក់លាក់ ទាំងតាមបែប បរិមាណវិស័យ ទាំងតាមបែបគុណវិស័យ។ សំណួរនោះសោត គេអាចចោទជាសំណួរទូលាយក្ដោបរួមមួយសិន ទើបញែកទៅជាសំណួរជាក់លាក់តូចៗផ្សេងៗទៀតក៏បាន ដើម្បីអាចសិក្សាប្រធានបទមួយឱ្យបានស៊ីជម្រៅ។
គោលបំណងស្រាវជ្រាវ គឺជាបំណងចម្បងនៃការសិក្សាមួយ ប្រើជាគោលសម្រាប់ដោះស្រាយបញ្ហាដែល បានកំណត់ហើយ។ គេតែងពណ៌នាគោលបំណងស្រាវជ្រាវនេះ ជាឃ្លាមួយឬច្រើន ដោយរៀបចំឡើងខ្លីៗ តែច្បាស់លាស់។ គេអាចចែកគោលបំណងនោះជាពីរប្រភេទ គឺ៖ ១- គោលបំណងចម្បង និង ២- គោលបំណងបន្ទាប់។
២.២ ជំពូក២ រំឭកទ្រឹស្ដី
(១) និយមន័យពាក្យគន្លឹះ ឬអថេរនៃប្រធានបទ
(២) ការស្រាវជ្រាវមុនៗទាក់ទងនឹងប្រធានបទ
(៣) ក្របខណ្ឌគំនិតនៃការស្រាវជ្រាវ
និយមន័យពាក្យគន្លឹះ ឬអថេរនៃប្រធានបទ គឺជាការពន្យល់វែកញែក ដោយលើកយកនិយមន័យ ឬការបកស្រាយពីប្រភពផ្សេងៗ ក្នុងនោះរួមមាន វចនានុក្រម អត្ថបទស្រាវជ្រាវ ឬឯកសារនានា ដោយមានយោងសម្រង់កថា ឬសម្រង់សម្ដី ឬអំណះអំណាងច្បាស់លាស់។ ក្រៅពី ដាក់សម្រង់កថា នៃខ្លឹមសាររួចហើយ អ្នកស្រាវជ្រាវក៏ ចាំបាច់បញ្ចេញនូវយោបល់របស់ខ្លួនលើអំណះអំណានន័យនោះ ដោយមានការវិភាគវែកញែក និងផ្ដល់ទឡ្ហីករណ៍ផង។ ផ្នែកនេះ ក៏ត្រូវមានការសរសេរសរុបសេចក្ដីមួយ ដោយសង្ខេប និងសំយោគនូវនិយមន័យ ឬបញ្ញត្ដិនោះឡើងវិញ ហើយបញ្ជាក់គោលជំហររបស់ខ្លួនថា ការស្រាវជ្រាវនេះផ្នែកលើមូលដ្ឋានបញ្ញត្ដិណាមួយឱ្យប្រាកដ។
ការស្រាវជ្រាវមុនៗ ទាក់ទងនឹងប្រធានបទ អ្នកស្រាវជ្រាវត្រូវលើកយករបាយការណ៍ស្រាវជ្រាវ ឬ សារណា ដែលដូច ឬមានគោលបំណងស្រាវជ្រាវដូចកិច្ចដែលយើងកំពុងស្រាវជ្រាវទាំងភាសាខ្មែរ ឬ/និងបរទេស។ ការសរសេរត្រង់ចំណុចនេះ ត្រូវសរសេររៀបរាប់បញ្ជាក់ចំណងជើងនៃការស្រាវជ្រាវណាមួយ គោលបំណង ឬសំណួរស្រាវជ្រាវ វិធីសាស្ដ្រស្រាវជ្រាវដែលបានប្រើប្រាស់ និងលទ្ធផលនៃការស្រាវជ្រាវ។
ការសរសេរក្របខណ្ឌគំនិតនៃការស្រាវជ្រាវ អ្នកស្រាវជ្រាវត្រូវផ្តោតលើ ទ្រឹស្ដី ឬបញ្ញតិ្ដពាក់ព័ន្ធនឹងអថេររបស់ប្រធានបទ (ត្រូវស្គាល់អថេររបស់ប្រធានស្រាវជ្រាវឱ្យបានច្បាស់លាស់)។ ក្របខណ្ឌគំនិត ជាធម្មតាតែងតែមានការសំយោគនូវទស្សនៈ ឬទ្រឹស្ដីដែលបានរកឃើញ ឬជាលទ្ធផលដែលបានរកឃើញពីអ្នកនិពន្ធមុនៗ ដែលបានសិក្សាពីប្រធានបទ ឬអថេរពាក់ព័ន្ធ ឬដូចគ្នា។ អ្នកស្រាវជ្រាវគប្បី សរសេរសង្ខេបនិងសំយោគក្របខណ្ឌទ្រឹស្ដី ដែលពាក់ព័ន្ធនឹងប្រធានបទ ដើម្បីធ្វើការវិភាគ។ អ្នកស្រាវជ្រាវអាចសរសេរបែបវិភាគ ឬរិះគន់ទៅលើភាពខ្វះខាត ចន្លោះទ្រឹស្ដីឬ ទស្សនៈ ដោយបញ្ជាក់នូវហេតុផល និងអំណះអំណាងផ្សេងៗ។ នៅចុងបញ្ចប់នៃក្របខណ្ឌគំនិតនេះ អ្នកស្រាវជ្រាវត្រូវសរសេរសេចក្ដីសង្ខេបមួយទៀត ដោយបញ្ជាក់ថាខ្លួននឹងយកទ្រឹស្ដី ឬក៏ទស្សនៈណាមួយមកប្រើ ហើយត្រូវបញ្ជាក់ពីសារប្រយោជន៍ចំពោះការវិភាគបកស្រាយ និងត្រូវគូសទាញជារូបភាពថ្មីមួយនៃក្របខណ្ឌគំនិតនៃការស្រាវជ្រាវ។
២.៣ ជំពូក៣៖ វិធីសាស្ត្រស្រាវជ្រាវ
(១) ការរៀបចំការស្រាវជ្រាវ៖ គោលវិធីស្រាវជ្រាវ (បែបបរិមាណឬគុណវិស័យ...) វិធីសាស្ដ្រដើម្បីបានទិន្នន័យ (ពិសោធ ស្ទង់មតិ...) បច្ចេកទេសជ្រើសរើសតំណាងគំរូ... ហេតុផលដែលជ្រើសរើសគោលវិធី និងវិធីសាស្ដ្រ (បញ្ចូលសម្រង់កថា)។
(២) សកលគំរូ ឬ តំណាងគំរូ និងវិធីជ្រើសរើស ចំនួនសកលគំរូ ឬ/ និងតំណាងគំរូ (បញ្ចូលសម្រង់កថា)
(៣) ឧបករណ៍ប្រមូលទិន្នន័យ៖ តេស្ត កម្រងសំណួរ ទម្រង់សង្កេត សំណួរ...
(៤) ការប្រមូលទិន្នន័យ៖ រៀបរាប់ពីនីតិវិធី ដំណាក់កាល និងរយៈពេលក្នុងការប្រមូលទិន្នន័យ
(៥) ការវិភាគទិន្នន័យ៖ វិភាទបរិបទឬខ្លឹមសារ ឬតាមកម្មវិធីកុំព្យុទ័រ...
|
ជំពូក១៖ សេចក្ដីផ្ដើម |
• សាវតា • បញ្ហាស្រាវជ្រាវ • សំណួរស្រាវជ្រាវ • គោលបំណងស្រាវជ្រាវ |
|
ជំពូក២៖ រំឭកទ្រឹស្ដី |
• បញ្ញត្តិ/ពាក្យគន្លឹះសំខាន់ៗ • ការស្រាវជ្រាវ និងទ្រឹស្ដីពាក់ព័ន្ធ |
|
ជំពូក៣៖ វិធីសាស្ត្រស្រាវជ្រាវ |
• ការរៀបចំការស្រាវជ្រាវ • សំណាកគំរូ និងវិធីជ្រើសរើស • ឧបករណ៍ស្រាវជ្រាវ • ការប្រមូលទិន្នន័យ • ការវិភាគទិន្នន័យ |