loader image
Skip to main content
Home
Completion requirements

មេរៀនទី៧៖ ការអាននិពន្ធន៍ស៊ីជម្រៅ

(Reading Literature Critically)

 

I.និយមន័យ

    ការអាននិពន្ធស៊ីជម្រៅ គឺជាការអានអត្ថបទដោយមានការវិភាគ យល់ដឹង និងគិតពិចារណាដោយជ្រាលជ្រៅ មិនត្រឹមតែទទួលយកព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសួរខ្លួនឯងថា ព័ត៌មាននេះមានអត្ថន័យយ៉ាងដូចម្តេច មានសារៈសំខាន់អ្វី និងអាចអនុវត្តបានដូចម្តេច។

    ការអាននិពន្ធន៍គឺជាការអានឯកសារ ឬអត្ថបទមិនមែនសម្រាប់យល់តែអត្ថន័យផ្ទាល់តែប៉ុណ្ណោះទេ ប៉ុន្តែគឺអានដោយមានការវិភាគ ប្រៀបធៀប សង្ស័យ និងវាយតម្លៃអំពីអត្ថន័យ សារសំខាន់ ទស្សនៈ និងគោលបំណងរបស់អ្នកនិពន្ធ។ ដូចនេះការអាននិពន្ធន៍ស៊ីជម្រៅមានន័យថា៖

  • មិនអានតែតាមអក្សរប៉ុណ្ណោះ ប៉ុន្តែអានដោយគិតត្រួតពិនិត្យ។
  • វាយតម្លៃប្រភព ឬភាពជឿជាក់បានរបស់អត្ថបទ។
  • សួរខ្លួនឯងថា៖ តើអត្ថបទនេះមានអត្ថប្រយោជន៍ដល់ខ្ញុំដែរឬទេ? តើមានអភស័ព្ទ ឬទស្សនៈលំអៀងទេ?
  • សម្រេចចិត្តដោយផ្អែកលើភស្តុតាង មិនមែនតាមអារម្មណ៍។

ឧទាហរណ៍

នៅពេលអ្នកអានអត្ថបទស្រាវជ្រាវ អ្នកមិនត្រឹមតែចងចាំទិន្នន័យទេ តែអ្នកក៏ត្រូវសួរទៀតថា៖

  • តើអ្នកនិពន្ធប្រើវិធីសាស្ត្រស្រាវជ្រាវត្រឹមត្រូវទេ?
  • តើមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការសន្និដ្ឋានឬទេ?
  • តើមានអ្វីដែលខ្លះត្រូវពិនិត្យបន្ថែមទៀត?

 

II. ហេតុអ្វីចាំបាច់ត្រូវអាននិពន្ធន៍ស៊ីជម្រៅ?

        ការអាននិពន្ធន៍ស៊ីជម្រៅ (Critical Reading) មានសារៈសំខាន់យ៉ាងខ្លាំង ព្រោះវាមិនត្រឹមតែជួយឲ្យយើងយល់អត្ថបទត្រឹមត្រូវទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍន៍ជំនាញគិត និងវាយតម្លៃ។ ហេតុផលសំខាន់ៗដែលត្រូវអាននិពន្ធន៍ស៊ីជម្រៅ៖

·       បង្កើនការយល់ដឹងជ្រាលជ្រៅមិនមែនអានតែផ្ទៃលើនៃអត្ថបទទេ តែយល់ពីទស្សនៈ គោលបំណង និងន័យសំខាន់។

·       វាយតម្លៃភាពជឿជាក់បានជួយសម្គាល់ថាអត្ថបទ ឬប្រភពណាមួយអាចទុកចិត្តបានឬមានលំអៀង

·       អភិវឌ្ឍន៍ជំនាញគិតវិភាគជួយឲ្យអ្នកគិតដោយហេតុផល មិនមែនទទួលយកអ្វីៗដោយគ្មានការសួរសំណួរ។

·       ជួយក្នុងការស្រាវជ្រាវ និងសរសេរអ្នកអាចយកព័ត៌មានដែលបានវាយតម្លៃរួច មកប្រើសម្រាប់ស្រាវជ្រាវ ឬការសរសេរ ដោយមានភាពត្រឹមត្រូវ និងគាំទ្រដោយភស្តុតាង។

·       ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃជួយឲ្យអ្នកអាចសម្រេចចិត្តលើព័ត៌មានក្នុងសង្គម ឬព័ត៍មាននៅលើអ៊ីនធឺណិត ដោយប្រើសេចក្តីយល់ដឹង និងការពិចារណា។

 

III.ចំណុចសំខាន់ក្នុងការអាននិពន្ធន៍ស៊ីជម្រៅ

1.     ដឹងពីគោលបំណងរបស់អ្នក

o   សូមសួរខ្លួនឯងថា៖ "ខ្ញុំកំពុងស្វែងយល់អ្វីពីអត្ថបទនេះ?"

2.    ផ្តោតលើអ្វីដែលអ្នកត្រូវការ

o   ជ្រើសអត្ថបទ ឬផ្នែកដែលពាក់ព័ន្ធ និងមានប្រយោជន៍សម្រាប់គោលបំណងរបស់អ្នក។

3.    ជ្រើសយុទ្ធសាស្រ្តអានដែលសមស្របនឹងគោលបំណង និងប្រភេទឯកសារដែលអ្នកកំពុងអាន។

    • Skimming: អានឲ្យលឿន ដើម្បីរកគំនិតទូទៅ។
    • Scanning: ស្វែងរកពាក្យ ឬព័ត៌មានជាក់លាក់។
    • Close Reading: អានយ៉ាងយកចិត្តទុកដាក់ ដើម្បីវិភាគន័យជ្រាលជ្រៅ។
    • Section-Hopping: ជ្រើសរើសអានតែផ្នែកជាក់លាក់មួយចំនួននៃអត្ថបទ ដើម្បីផ្តោតលើ។

4. គិតប្រកបដោយវិចារណញ្ញាណអំពីអ្វីដែលអ្នកអាន

  • ការអាននិពន្ធមិនមែនគ្រាន់តែទទួលព័ត៌មានទេ ប៉ុន្តែត្រូវសួរខ្លួនឯង និងវិភាគថា៖
    • តើអ្នកនិពន្ធចង់បង្ហាញអំពីគំនិត ឬគោលបំណងអ្វី?
    • តើអាគុយម៉ង់គាំទ្រដោយភស្ដុតាងពិតប្រាកដ ឬទេ?
    • តើមានចំណុចខ្វះខាត ឬអ្វីដែលអ្នកគួរតែសង្ស័យ?
  • វាជួយឲ្យអ្នកក្លាយជាអ្នកអានដែលសកម្ម និងមានសមត្ថភាពក្នុងការវាយតម្លៃអត្ថបទ។

 

III. គោលបំណងនៃការអាននិពន្ធន៍ស៊ីជម្រៅ

        ការអានគឺមិនត្រឹមតែយល់អត្ថន័យនៃពាក្យនៅលើអត្ថបទទេ ប៉ុន្តែធ្វើឲ្យអ្នកចូលរួមក្នុងការពិចារណា និងវិភាគអត្ថបទយ៉ាងម៉ត់ចត់។ វាជួយអ្នកវាយតម្លៃ អានយ៉ាងច្បាស់ និងប្រើព័ត៌មានបានប្រកបដោយប្រសិទ្ធភាព។ គោលបំណងសំខាន់ៗមានដូចជា៖

·       វាយតម្លៃភាពទុកចិត្តនៃប្រភពព័ត៌មាន៖កំណត់ថាព័ត៌មានមានភាពទុកចិត្ត ត្រឹមត្រូវ និងពាក់ព័ន្ធទេ។

·       យល់អំពីអត្ថន័យជ្រៅ៖ វិភាគអាគុយម៉ង់ ទស្សនៈ មូលហេតុ និងផលប៉ះពាល់ក្នុងអត្ថបទ។

·       អភិវឌ្ឍទស្សនៈផ្ទាល់ខ្លួន៖ ផ្គូផ្គងគំនិតក្នុងអត្ថបទជាមួយចំណេះដឹង និងយោបល់ផ្ទាល់ខ្លួន។

·       ធ្វើការសម្រេចចិត្តដោយមានព័ត៌មានគាំទ្រ៖ ប្រើការអានយ៉ាងវិចារណា ដើម្បីណែនាំសកម្មភាព ការដោះស្រាយបញ្ហា ឬស្រាវជ្រាវបន្ត។

·       បង្កើនការយល់ និងការចងចាំ ៖ការចូលរួមពិចារណា ធ្វើឲ្យអ្នកចងចាំ និងអនុវត្តព័ត៌មានបានល្អប្រសើរជាងមុន។

ដោយឡែកក្នុងការអាននិពន្ធន៍ស៊ីជម្រៅត្រូវផ្តោត៖

1. តើវាមានសារៈពាក់ព័ន្ធឬទេ?
កុំចំណាយពេលអានប្រភព (ឬផ្នែកនៃអត្ថបទ) ដែលមិនពាក់ព័ន្ធ។ អ្វីដែលធ្វើឲ្យអត្ថបទមានសារៈពាក់ព័ន្ធអាចអាស្រ័យទៅលើគោលបំណងអានរបស់អ្នក។

2. តើវាជាបច្ចុប្បន្នភាពគ្រប់គ្រាន់ឬនៅ?
ត្រូវប្រាកដថា ព័ត៌មាននៅក្នុងប្រភពដែលអ្នកប្រើមានភាពទាន់សម័យ។ សម្រាប់ប្រធានបទជាច្រើន មានន័យថា អ្នកគួរតែប្រើប្រភពដែលត្រូវបានបោះពុម្ពក្នុងរយៈពេល ១០–១៥ ឆ្នាំចុងក្រោយនេះ។

3.    តើវាជាប្រភពសិក្សាផ្លូវការ(Academic)ឬទេ?
ប្រភពសិក្សាផ្លូវការត្រូវការភស្តុតាងនៅក្នុងការសរសេររបស់អ្នក។ ប្រភពទាំងនេះគឺមានភាពទុកចិត្តបានមានលក្ខណៈអោបជិក និងត្រូវបានសរសេរដោយអ្នកដែលមានចំណេះដឹងក្នុងវិស័យរបស់ពួកគេ។

4.    ប្រភពសិក្សាផ្លូវការរួមមាន៖

·         អត្ថបទទស្សនាវដ្តីដែលបានពិនិត្យដោយអ្នកជំនាញ (peer-reviewed journal papers)

·         សៀវភៅសិក្សាផ្សេងៗ (textbooks)

·         បទបង្ហាញក្នុងសន្និសីទអប់រំផេ្សងៗ (academic conference presentations)

·         ប្រភពទិន្នន័យដែលទុកចិត្តបាន (reputable data sources)

·         របាយការណ៍ពីរដ្ឋាភិបាល (governmental reports)

 

IV. វិធីសាស្រ្តក្នុងការអាននិពន្ធស៊ីជម្រៅ

       ខាងក្រោមគឺជាវិធីសាស្រ្តអានជាក់លាក់មួយចំនួន ដែលតែងតែប្រើក្នុងការអាននិពន្ធន៍ស៊ីជម្រៅ៖

1.ការអានស្កីម (Skimming)

  • គោលបំណង៖ ដើម្បីទទួលបានទិដ្ឋភាពទូទៅនៃអត្ថបទបានរហ័ស។
  • របៀបអាន៖ អានចំណងជើង ចំណងជើងរង ប្រយោគដំបូង និងប្រយោគចុងក្រោយនៃកថាខណ្ឌ ព្រមទាំងពាក្យគន្លឹះ។
  • របៀបប្រើ៖ មានប្រយោជន៍ពេលសម្រេចចិត្តថាតើអត្ថបទពាក់ព័ន្ធនឹងគោលបំណងរបស់អ្នកឬអត់។

 

2. ការអានស្កែន (Scanning)

  • គោលបំណង៖ ដើម្បីស្វែងរកព័ត៌មានជាក់លាក់ ដោយមិនចាំបាច់អានអស់ទាំងអត្ថបទ។
  • របៀបអាន៖ រកពាក្យគន្លឹះ ចំនួន ឈ្មោះ ឬឃ្លាដែលឆ្លើយតបទៅនឹងសំណួររបស់អ្នក។
  • របៀបប្រើ៖ មានប្រយោជន៍សម្រាប់ការស្រាវជ្រាវ ការត្រួតពិនិត្យព័ត៌មាន ឬស្វែងរកព័ត៌មានលម្អិតឲ្យបានរហ័ស។

 

3. ការអានដោយយកចិត្តទុកដាក់ (Close Reading)

  • គោលបំណង៖ អានដោយយកចិត្តទុកដាក់ និងពិចារណាឲ្យបានយ៉ាងជ្រាលជ្រៅ ដើម្បីយល់អត្ថបទពេញលេញ
  • របៀបអាន៖ វិភាគទឡ្ហីករណ៍ ពាក្យសព្ទ រចនាបថប្រយោគ និងភស្តុតាង
  • របៀបប្រើ៖ ចាំបាច់សម្រាប់ការយល់អំពីគំនិតស្មុគស្មាញ ឬពិនិត្យវិភាគអត្ថបទយ៉ាងវិចារណកថា។

 

4. ការរំកិលអានតាមផ្នែក (Section Hopping)

  • គោលបំណង៖ អានឆ្លងកាត់ផ្នែកផ្សេងៗ ដើម្បីស្វែងរកអ្វីដែលពាក់ព័ន្ធបំផុតសម្រាប់គោលបំណងរបស់អ្នក
  • របៀបអាន៖ កុំអានតាមលំដាប់ជួរដេក តែផ្លាស់ទៅកាន់ផ្នែកដែលសំខាន់សម្រាប់អ្នក
  • របៀបប្រើ៖ ជួយសន្សំសំចៃពេលវេលា និងផ្តោតលើផ្នែកដែលមានសារៈសំខាន់បំផុត។

 

5. ការវិភាគ (Analysis)

  • គោលបំណង៖ ដើម្បីបំបែកអត្ថបទជាផ្នែកៗ ដើម្បីយល់ពីរបៀបវាដំណើរការ។
  • របៀបអាន៖ កំណត់អត្តសញ្ញាណគំនិតសំខាន់ៗ ភស្តុតាង ការអះអាង ការសន្មត់ និងរចនាសម្ព័ន្ធ។
  • របៀបប្រើ៖ ជួយឲ្យអ្នកឃើញភាពត្រឹមត្រូវនៃអត្ថបទ និងយល់ពីទំនាក់ទំនងរវាងគំនិត។

 

6. ការវាយតម្លៃ (Evaluation)

  • គោលបំណង៖ ដើម្បីវាយតម្លៃគុណភាព ភាពអាចទុកចិត្តបាន និងសារៈពាក់ព័ន្ធនៃអត្ថបទ។
  • របៀបអាន៖ សួរសំណួរដូចជា តើភស្តុតាងអាចទុកចិត្តបានទេ? តើទឡ្ហីករណ៍សមស្របដែឬទេ? តើមានភាពលម្អៀងឬអត់?
  • របៀបប្រើ៖ អ្នកទទួលយកតែព័ត៌មានដែលអាចទុកចិត្តបាន និងពាក់ព័ន្ធប៉ុណ្ណោះ។

 

7. ការសំយោគគំនិត (Synthesis)

  • គោលបំណង៖ ដើម្បីបញ្ចូលគំនិតពីប្រភព ឬផ្នែកជាច្រើន រួមបញ្ចូលគ្នា ទៅជាគំនិតយល់ដឹងថ្មី
  • របៀបអាន៖ ប្រៀបធៀប និងរួមបញ្ចូលព័ត៌មាន កំណត់លំនាំ ឬភាពខុសគ្នា ហើយអភិវឌ្ឍទស្សនៈផ្ទាល់ខ្លួន
  • របៀបប្រើ៖ អនុញ្ញាតឲ្យអ្នកបង្កើតយោបល់ ការសន្និដ្ឋាន ឬចក្ខុវិស័យថ្មីៗ ពីអ្វីដែលអ្នកបានអាន។
Last modified: Friday, 19 December 2025, 9:05 PM