សប្ដាហ៍ទី ១៤
ការប្រមូលទិន្នន័យគុណភាព៖ ការសង្កេត និងការសម្ភាស
(Quantitative Data Collection: Sampling, Validity, and Reliability)
មេរៀនសង្ខេប
វត្ថុបំណង
នៅចុងបញ្ចប់នៃមេរៀននេះ គរុនិស្សិតនឹងអាច៖
· ពន្យល់ពីនិយមន័យ គោលបំណង និងសារៈសំខាន់នៃការសង្កេត និងការសម្ភាសក្នុងការស្រាវជ្រាវគុណវិស័យ។
· រៀបរាប់ និងបែងចែកប្រភេទផ្សេងៗនៃការសង្កេត និងការសម្ភាស ព្រមទាំងវិភាគពីភាពខ្លាំង និងភាពខ្សោយនៃប្រភេទនីមួយៗ។
· កំណត់អត្តសញ្ញាណ ជ្រើសរើស និងរៀបចំឧបករណ៍សមស្របសម្រាប់ការសង្កេត និងការសម្ភាស។
· រៀបរាប់លម្អិតពីជំហានសំខាន់ៗដែលត្រូវអនុវត្តនៅពេលធ្វើការសម្ភាសសម្រាប់ការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព។
សេចក្ដីផ្ដើម
នៅក្នុងការស្រាវជ្រាវអប់រំ ការប្រមូលទិន្នន័យគឺជាដំណាក់កាលស្នូលដែលកំណត់គុណភាពនៃលទ្ធផលស្រាវជ្រាវទាំងមូល។ ខណៈដែលវិធីសាស្ត្រស្រាវជ្រាវបរិមាណវិស័យផ្តោតលើការវាស់វែងជាលេខ វិធី
សាស្ត្រស្រាវជ្រាវគុណវិស័យផ្ដោតសំខាន់លើការស្វែងយល់ឱ្យបានស៊ីជម្រៅអំពី "មូលហេតុ" និង "ដូចម្តេច" នៅពីក្រោយបាតុភូតសង្គម តាមរយៈការសិក្សាអំពីអាកប្បកិរិយា បទពិសោធន៍ និងទស្សនៈរបស់មនុស្សនៅក្នុងបរិបទធម្មជាតិរបស់ពួកគេ។
ក្នុងចំណោមវិធីសាស្ត្រជាច្រើន ការសង្កេត និង ការសម្ភាស គឺជាបច្ចេកទេសដ៏មានឥទ្ធិពលបំផុត
ពីរ។ ការសង្កេតអនុញ្ញាតឱ្យយើងមើលឃើញពី "អ្វីដែលមនុស្សធ្វើ" ដោយផ្ទាល់ ខណៈការសម្ភាសជួយឱ្យយើងយល់ពី "អ្វីដែលមនុស្សគិត និងមានអារម្មណ៍"។ ការប្រើប្រាស់បច្ចេកទេសទាំងពីរនេះរួមគ្នា (ដំណើរការផ្ទៀងផ្ទាត់ព័ត៌មាន(Triangulation) អាចបង្កើនត្រឹមត្រូវ (Validity) និងភាពជឿជាក់បាន (Reliability) នៃការស្រាវជ្រាវ ផ្ដល់នូវការយល់ដឹងមួយដ៏ទូលំទូលាយ និងពេញលេញ។ មេរៀននេះនឹងពិភាក្សាលម្អិតអំពីគោលការណ៍មូលដ្ឋាននៃបច្ចេកទេសទាំងពីរនេះ។
១. ការសង្កេត (Observation)
១.១ និយមន័យ
ការសង្កេត គឺជាដំណើរការប្រមូលទិន្នន័យជាប្រព័ន្ធតាមរយៈការមើល ការស្តាប់ និងការកត់ត្រានូវអាកប្បកិរិយា ព្រឹត្តិការណ៍ និងអន្តរកម្មបស់បុគ្គល ឬក្រុមមនុស្សនៅក្នុងបរិបទជាក់លាក់ណាមួយ។ វាជាវិធីសាស្ត្រដែលអ្នកស្រាវជ្រាវចូលទៅក្នុង "ពិភពពិត" របស់កម្មវត្ថុស្រាវជ្រាវ ដើម្បីស្វែងយល់ពីអ្វីដែលកំពុងកើតឡើងដោយផ្ទាល់ ជំនួសឱ្យការពឹងផ្អែកតែលើការរាយការណ៍របស់ពួកគេ។
១.២ គោលបំណង
· ដើម្បីស្វែងយល់ពីអាកប្បកិរិយាដែលកើតឡើងដោយឯកឯងក្នុងបរិយាកាសធម្មជាតិ។
· ដើម្បីប្រមូលទិន្នន័យលើប្រធានបទដែលបុគ្គលអាចមិនចង់ពិភាក្សា ឬមិនអាចរៀបរាប់បានច្បាស់
លាស់។
· ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យដែលប្រមូលបានពីវិធីសាស្ត្រផ្សេងទៀត (ដូចជាការសម្ភាស)។
១.៣ ប្រភេទនៃការសង្កេត
ការសង្កេតអាចត្រូវបានបែងចែកជាច្រើនប្រភេទ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នា៖
១.៣.១ ការបែងចែកផ្នែកលើតួនាទីរបស់សង្កេត
|
តួនាទី |
ការអធិប្បាយ |
គុណសម្បត្តិ |
គុណវិបត្តិ |
|
អ្នកចូលរួមពេញលេញ |
អ្នកស្រាវជ្រាវក្លាយជាសមាជិកពេញសិទ្ធិនៃក្រុមដោយលាក់អត្តសញ្ញាណ។ |
ទទួលបានទិន្នន័យស៊ីជម្រៅ និងទស្សនៈពីខាងក្នុង (Insider’s perspective)។ |
បញ្ហាសីលធម៌, ហានិភ័យនៃការបាត់បង់វត្ថុវិស័យភាព (Going native), ការកត់ត្រាទិន្នន័យអាច |
|
អ្នកចូលរួមដើរតួជាអ្នកសង្កេត |
អ្នកស្រាវជ្រាវចូលរួមក្នុងសកម្មភាពក្រុម តែសមាជិកដឹងពីតួនាទីជាអ្នកស្រាវជ្រាវ។ |
រក្សាតុល្យភាពរវាងការចូលរួម និងការសង្កេត, បញ្ហាសីលធម៌តិចជាង។ |
វត្តមានរបស់អ្នកស្រាវជ្រាវអាចផ្លាស់ប្តូរអាកប្បកិរិយាធម្មជាតិរបស់ក្រុម (Hawthorne effect)។ |
|
អ្នកសង្កេតដើរតួជាអ្នកចូលរួម |
អ្នកស្រាវជ្រាវរក្សាទំនាក់ទំនងជាចម្បងជាអ្នកសង្កេត ប៉ុន្តែអាចចូលរួមក្នុងសកម្មភាពខ្លះៗ។ |
រក្សាបាននូវវត្ថុវិស័យភាព, ងាយស្រួលក្នុងការកត់ត្រា។ |
អាចខកខានមិនបានយល់ពីបរិបទស៊ីជម្រៅ ដោយសារមិនបានចូលរួមពេញលេញ។ |
|
អ្នកសង្កេតពេញលេញ |
អ្នកស្រាវជ្រាវសង្កេតពីចម្ងាយ ដោយគ្មានអន្តរកម្មជាមួយក្រុមឡើយ (ឧ. តាមបង្អួច ឬវីឌីអូ)។ |
លុបបំបាត់ឥទ្ធិពលរបស់អ្នកស្រាវជ្រាវលើកម្មវត្ថុ, មានវត្ថុវិស័យភាពខ្ពស់។ |
មិនអាចសួរសំណួរដើម្បីបញ្ជាក់, អាចមានការបកស្រាយខុសដោយសារខ្វះបរិបទ។ |
១.៣.២ ការបែងចែកផ្អែកលើកម្រិតរចនាសម្ព័ន្ធ
· ការសង្កេតជាប្រព័ន្ធ (Structured) vs. មិនជាប្រព័ន្ធ (Unstructured)៖ ការសង្កេតជាប្រព័ន្ធ (បែបបរិមាណ) ប្រើប្រាស់បញ្ជីត្រួតពិនិត្យ (Checklist) ឬទម្រង់ដែលបានរៀបចំទុកជាមុន ដើម្បីកត់ត្រាអាកប្បកិរិយាជាក់លាក់។ ចំណែកឯការសង្កេតមិនជាប្រព័ន្ធ (បែបគុណភាព) មានភាពបត់បែនជាង ដោយអ្នកស្រាវជ្រាវកត់ត្រាអ្វីៗដែលពួកគេយល់ថាពាក់ព័ន្ធ។
· ការសង្កេតក្នុងបរិបទធម្មជាតិ (Naturalistic) vs. សិប្បនិម្មិត (Artificial)៖ ការសង្កេតក្នុងបរិបទធម្មជាតិកើតឡើងនៅក្នុងបរិយាកាសពិតប្រាកដរបស់កម្មវត្ថុ (ឧ. ក្នុងថ្នាក់រៀន) ខណៈដែលការសង្កេតក្នុងបរិបទសិប្បនិម្មិតត្រូវបានធ្វើឡើងនៅក្នុងទីតាំងដែលបានរៀបចំ (ឧ. មន្ទីរពិសោធន៍)។
១.៤ ឧបករណ៍សង្កេត
ដើម្បីផ្តល់ការសង្កេតមានលក្ខណៈជាប្រព័ន្ធ និងអាចទុកចិត្តបាន អ្នកស្រាវជ្រាវ ត្រូវប្រើប្រាស់ឧបករណ៍ផ្សេងៗ៖
· ការសរសេរកំណត់ត្រា (Field Notes)៖ ជាឧបករណ៍សំខាន់បំផុតក្នុងការស្រាវជ្រាវគុណវិស័យ។ កំណត់ត្រាល្អគួររួមបញ្ចូល៖
o ការពិពណ៌នាជាក់ស្តែង (Descriptive Notes)៖ កត់ត្រាអ្វីដែលបានឃើញ និងបានឮលម្អិតដោយមិនចាំបាច់បញ្ចូលបកស្រាយ (ឧ. “សិស្ស ក គោះតុ ៣ ដង” មិនមែន “សិស្ស ក ខឹង”)។
o ការឆ្លុះបញ្ចាំង (Reflective Notes)៖ កត់ត្រាគំនិត ការបកស្រាយបឋម សំណួរ និងអារម្មណ៍របស់អ្នកស្រាវជ្រាវ។
· បញ្ជីសង្កេត (Observation Checklist)៖ បញ្ជីនៃអាកប្បកិរិយាដែលអ្នកស្រាវជ្រាវគូសធីក (✓) ថាតើវាមានវត្តមានឬអត់។ ស័ក្តិសមសម្រាប់ការសង្កេតជាប្រព័ន្ធ។
· មាត្រដ្ឋានវាយតម្លៃ (Rating Scale)៖ អនុញ្ញាតឱ្យអ្នកស្រាវជ្រាវវាយតម្លៃ “កម្រិត” ឬ “គុណភាព” នៃអាកប្បកិរិយា (ឧ. កម្រិតការចូលរួមរបស់សិស្ស៖ ១-ទាប, ៥-ខ្ពស់)។
· និទ្ទេសបទ (Rubric)៖ ឧបករណ៍វាយតម្លៃលម្អិតដែលរៀបរាប់ពីលក្ខណៈវិនិច្ឆ័យសម្រាប់កម្រិតសមិទ្ធផលនីមួយៗ។ ប្រើប្រាស់ច្រើនក្នុងការវាយតម្លៃការបង្រៀន ឬការសម្តែងរបស់សិស្ស។
· ការសង្កេតតាមចន្លោះពេល (Time Sampling)៖ អ្នកស្រាវជ្រាវសង្កេត និងកត់ត្រាអាកប្បកិរិយានៅក្នុងចន្លោះពេលកំណត់ទុកជាមុន (ឧ. រៀងរាល់ ៥ នាទីម្តង)។
· ការសង្កេតព្រឹត្តិការណ៍ (Event Sampling)៖ អ្នកស្រាវជ្រាវរង់ចាំរហូតដល់អាកប្បកិរិយាគោលដៅណាមួយកើតឡើង រួចកត់ត្រាលម្អិតអំពីអ្វីដែលកើតឡើងមុន (Antecedent), អាកប្បកិរិយាខ្លួនឯង (Behavior), និងអ្វីដែលកើតឡើងក្រោយ (Consequence)។
២. ការសម្ភាស (Interview)
២.១ និយមន័យ
ការសម្ភាស គឺជាការសន្ទនាដោយមានគោលបំណងរវាងមនុស្សពីរនាក់ ឬច្រើននាក់ ដើម្បីប្រមូលព័ត៌មាន ទស្សនៈ ជំនឿ និងបទពិសោធន៍ដែលពាក់ព័ន្ធនឹងប្រធានបទស្រាវជ្រាវ។ វាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងស្វែងយល់ពីពិភពខាងក្នុង (Internal world) របស់មនុស្ស ដែលមិនអាចសង្កេតមើលឃើញដោយផ្ទាល់បាន។
២.២ គោលបំណង
· ដើម្បីស្វែងយល់ពីបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនបស់មនុស្ស។
· ដើម្បីប្រមូលព័ត៌មានអំពីព្រឹត្តិការណ៍ ឬប្រធានបទដែលមិនអាចសង្កេតដោយផ្ទាល់ (ឧ. ព្រឹត្តិការណ៍ដែលកើតឡើងនាពេលកន្លងមក)។
២.៣ ប្រភេទនៃការសម្ភាស
ការសម្ភាសមានច្រើនទម្រង់ ដែលទម្រង់នីមួយៗមានកម្រិតនៃភាពបត់បែនខុសៗគ្នា៖
· សម្ភាសបែបមានរចនាសម្ព័ន្ធ (Structured Interview)៖ អ្នកសម្ភាសប្រើប្រាស់សំណួរដែលបានកំណត់តែមួយ ដែលបានរៀបចំទុកជាមុនតាមលំដាប់លំដោយជាក់លាក់សម្រាប់អ្នកត្រូវសម្ភាសគ្រប់រូប។ សំណួរភាគច្រើនជាសំណួរបិទ (Closed-ended)។ វិធីនេះធានាបាននូវភាពស៊ីសង្វាក់គ្នា ប៉ុន្តែខ្វះភាពបត់បែន។
· សម្ភាសបែបគ្មានរចនាសម្ព័ន្ធ (Unstructured Interview)៖ អ្នកសម្ភាសមានតែប្រធានបទ ឬគំនិតទូទៅប៉ុណ្ណោះ ហើយការសន្ទនាអាចដំណើរការទៅដោយធម្មជាតិ។ សំណួរភាគច្រើនជាសំណួរបើក (Open-ended) ដែលអនុញ្ញាតឱ្យអ្នកត្រូវសម្ភាសបង្ហាញគំនិតដោយសេរី ប៉ុន្តែត្រូវផ្ដោតលើប្រធានបទ។
· សម្ភាសបែបពាក់កណ្តាលរចនាសម្ព័ន្ធ (Semi-structured Interview)៖ ជាការលាយបញ្ចូលរវាងប្រភេទទាំងពីរខាងលើ។ អ្នកសម្ភាសមានបញ្ជីសំណួរគោល (Interview Guide) ប៉ុន្តែអាចផ្លាស់
ប្តូរលំដាប់ សួរសំណួរបន្ថែម ឬជជីកសួរឱ្យបានស៊ីជម្រៅបន្ថែម។ នេះជាប្រភេទដែលគេនិយមប្រើបំផុតក្នុងការស្រាវជ្រាវគុណវិស័យ។
· ការពិភាក្សាក្រុម (Focus Group Interview)៖ អ្នកស្រាវជ្រាវធ្វើការសម្ភាសជាមួយក្រុមមនុស្សមួយក្រុមតូច (ជាធម្មតា ៦-៨ នាក់) ក្នុងពេលតែមួយ។ គោលបំណងគឺដើម្បីជំរុញឱ្យមានការពិភាក្សា និងអន្តរកម្មរវាងអ្នកចូលរួម ដើម្បីទាញយកការគិតពិចារណា (ទស្សនវិស័យ) និងបទពិសោធចម្រុះចេញមក។
២.៤ ជំហានក្នុងការសម្ភាស
ដំណើរការសម្ភាសប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការរៀបចំដោយប្រុងប្រយ័ត្នតាមជំហានដូចខាងក្រោម៖
១. កំណត់ប្រធានបទ៖ កំណត់ឱ្យច្បាស់ថា តើព័ត៌មានអ្វីដែលអ្នកចង់ប្រមូល។
២. រើសប្រភេទសម្ភាសន៍៖ សម្រេចចិត្តថានឹងប្រើការសម្ភាសបែបមានរចនាសម្ព័ន្ធ ពាក់កណ្តាលរចនាសម្ព័ន្ធ ឬគ្មានរចនាសម្ព័ន្ធ ដែលសមស្របបំផុតសម្រាប់សំណួរស្រាវជ្រាវរបស់អ្នក។
៣. បង្កើតឧបករណ៍៖ រៀបចំបញ្ជីសំណួរ (Interview Guide) ឬកម្រងសំណួរ (Interview Schedule)។
៤. កំណត់ទម្រង់សំណួរ៖ ប្រើប្រាស់សំណួរបើក (ហេតុអ្វី? ដូចម្តេច?) ដើម្បីទទួលបានចម្លើយលម្អិត និងសំណួរបិទ (បាទ/ទេ) សម្រាប់ទិន្នន័យជាក់លាក់។
៥. កំណត់មធ្យោបាយសម្ភាស៖ សម្រេចចិត្តថានឹងសម្ភាសដោយផ្ទាល់ (Face-to-face) តាមទូរស័ព្ទ ឬតាមអនឡាញ។
៦. ចាប់ផ្តើមសម្ភាស៖ បង្កើតបរិយាកាស មិត្តភាព ពន្យល់ពីគោលបំណង សុំការអនុញ្ញាតថតសំឡេង និងចាប់ផ្តើមសួរសំណួរ។
៧. ធ្វើប្រតិចារឹក (Transcription)៖ បំប្លែងសំឡេងដែលបានថតទុកដើម្បីក្លាយជាអត្ថបទលម្អិត។
៨. វិភាគទិន្នន័យ (Analysis)៖ អានប្រតិចារឹកច្រើនដង កំណត់អត្តសញ្ញាណខ្លឹមសារប្រធានបទ (Themes) និងទម្រង់ (Patterns)។
៩. ផ្ទៀងផ្ទាត់ (Validation)៖ ចែករំលែកការរកឃើញដំបូងជាមួយអ្នកត្រូវសម្ភាស (Member Checking) ដើម្បីប្រាកដថាការបកស្រាយរបស់អ្នកត្រឹមត្រូវ។
១០. រាយការណ៍ (Reporting)៖ សរសេររបាយការណ៍លទ្ធផលនៃការស្រាវជ្រាវ ដោយប្រើប្រាស់កថាស្រង់ (Quotes) ដើម្បីគាំទ្រការរកឃើញរបស់អ្នក។
៣. សេចក្ដីសន្និដ្ឋាន
ការសង្កេត និងការសម្ភាស គឺជាវិធីសាស្ត្រប្រមូលទិន្នន័យបែបគុណភាពដ៏មានឥទ្ធិពល។ ការសង្កេតអនុញ្ញាតឱ្យអ្នកស្រាវជ្រាវមើលឃើញពីអាកប្បកិរិយាក្នុងបរិបទពិត ខណៈដែលការសម្ភាសផ្ដល់ឱកាសឱ្យស្វែងយល់ពីទស្សនៈ និងបទពិសោធផ្ទាល់ខ្លួន។ ការជ្រើសរើសប្រភេទនិងឧបករណ៍សមស្រប ព្រមទាំងការអនុវត្តតាមជំហានវិធីសាស្រ្ត នឹងនាំទៅរកការប្រមូលទិន្នន័យដោយសម្បូរបែប និងគួរឱ្យទុកចិត្ត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការវិភាគ និងការសន្និដ្ឋាន ក្នុងការស្រាវជ្រាវប្រកបដោយភាពត្រឹមត្រូវ។
លំហាត់អនុវត្ត៖
សកម្មភាពទី១៖ ការវិភាគសេណារីយ៉ូសង្កេត (១៥ នាទី)
១. សេណារីយ៉ូ៖ អ្នកស្រាវជ្រាវម្នាក់ចង់ស្វែងយល់ពី "កម្រិតនៃអន្តរកម្មរវាងគ្រូ និងសិស្ស" នៅក្នុងថ្នាក់រៀនភាសាខ្មែរថ្នាក់ទី៩ ដែលមានសិស្ស ៤០ នាក់។
២. ការពិភាក្សាក្រុមតូច៖
· តើការសង្កេតប្រភេទណា (ផ្អែកលើតួនាទី និងរចនាសម្ព័ន្ធ) ដែលសមស្របបំផុតសម្រាប់សេណារីយ៉ូនេះ? សូមពន្យល់ពីមូលហេតុ។
· តើឧបករណ៍សង្កេតអ្វីខ្លះ (យ៉ាងតិច ២) ដែលអ្នកស្រាវជ្រាវគួរប្រើ?
· សូមធ្វើសេចក្ដីព្រាងបញ្ជីសង្កេត (Checklist) សាមញ្ញមួយដែលមាន ៣-៤ ចំណុច ដើម្បីវាស់វែងអន្តរកម្មរវាងគ្រូ និងសិស្ស។
សកម្មភាពទី២៖ ការរៀបចំសំណួរសម្ភាស (១៥ នាទី)
១. ប្រធានបទស្រាវជ្រាវ៖ "ការស្វែងយល់ពីបញ្ហាប្រឈមរបស់គរុនិស្សិតក្នុងការបង្រៀនតាមបែបឌីជីថល"
២. ធ្វើការជាគូ៖
· សូមរៀបចំសំណួរសម្ភាសបែបពាក់កណ្តាលរចនាសម្ព័ន្ធចំនួន ៣ សំណួរ។
· ត្រូវប្រាកដថាសំណួររបស់អ្នកជាសំណួរបើក (Open-ended) មិនមានលក្ខណៈណែនាំ (Non-leading) និងច្បាស់លាស់។
· ត្រៀមខ្លួនចែករំលែកសំណួររបស់អ្នកជាមួយក្រុមផ្សេងទៀត ដើម្បីផ្តល់យោបល់កែលម្អ។
ឯកសារយោង
Creswell, J. W., & Creswell, J. D. (2018). Research design: Qualitative, quantitative, and mixed methods approaches (5th ed.). Sage publications.
Patton, M. Q. (2015). Qualitative research & evaluation methods: Integrating theory and practice (4th ed.). Sage publications.
Silverman, D. (Ed.). (2016). Qualitative research. Sage publications.